ការងារចុះមូលដ្ឋាននៅស្រុកថ្មគោល

ការងារចុះមូលដ្ឋាននៅស្រុកថ្មគោល

នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារគម្រោង PCRL បានចុះពិនិត្យទីតាំងសហគមន៍កសិកម្មបឹងព្រីង ស្ថិតក្នុងឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលជា AC ដែលទើបស្នើឡើងថ្មីដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ដំណើរចុះពិនិត្យជាក់ស្តែងនេះ ត្រូវបានដឹកនាំដោយលោកស្រី ទុយ សុខហេង និងសហការរៀបចំដោយលោក ខាត់ បូរិន មេឃុំបឹងព្រីង និងជាប្រធាន AC ។

ដំណើរចុះពិនិត្យជាក់ស្តែងនេះ សំដៅពិនិត្យលទ្ធភាពនៃការបង្កើត AC ប្រតិបត្តិការអាជីវកម្មបច្ចុប្បន្ន និងផែនការសម្រាប់ឆ្នាំខាងមុខ ក៏ដូចជាពិភាក្សាលើទិដ្ឋភាពច្បាប់ និងការគ្រប់គ្រងទូទៅរបស់ AC កសិកម្មតាមកិច្ចសន្យា ការផលិតពូជស្រូវ កម្មវិធីពង្រឹងសមត្ថភាពរបស់ AC ជីវភាពប្រជាកសិករ បញ្ហាទឹក និងប្រព័ន្ធធារាសាស្រ្ត ក៏ដូចជាស្ថានភាពយេនឌ័រ។

ជាក់ស្តែង ឃុំនេះមានសក្ដានុពលផលិតកម្មកសិកម្មដ៏ធំ ដែលមានផ្ទៃដីសំខាន់សម្រាប់ដាមដុះស្រូវប្រាំង។ ក្រោមគម្រោងធារាសាស្ត្រប្រឡាយលេខ ០៤ ប្រជាកសិករផលិតស្រូវបានពីរវដ្តរដូវលើផ្ទៃដីប្រមាណ ៤០.០០០ ហិកតា ខណៈនៅក្នុងតំបន់ ២ នៃបឹងទន្លេសាប ប្រជាកសិករផលិតស្រូវរដូវប្រាំងនៅលើផ្ទឺដីសរុបប្រមាណ ៦.០០០ ហិកតា។ មាន AC តែមួយគត់នៅក្នុងឃុំនេះ ប៉ុន្តែបច្ចុប្បន្នគ្មានសកម្មភាពអាជីវកម្មនោះទេ។ មានសេចក្តីរាយការណ៍ថា ឃុំបឹងព្រីងនេះធ្លាប់ជួបប្រទះនឹងគ្រោះអាកាសធាតុជាច្រើន ជាពិសេសគឺជំនន់ទឹកភ្លៀង ដែលតែងតែបំផ្លាញ ផលិតកម្មកសិកម្ម។